ភ្នំពេញៈ ក្រុមកសិករកម្ពុជាតាមបណ្តាខេត្តជាច្រើនបានឲ្យដឹងថ្មីៗនេះថា នៅដើមរដូវវស្សាឆ្នាំ២០០៨នេះ ការផលិតស្រូវវស្សារបស់ពួកគាត់ស្ទើរតែនៅទូទាំងប្រទេស មានភាពយឹតយ៉ាវបន្តិច។ នៅតាមតំបន់ផលិតកម្មកសិកម្មជាច្រើនកន្លែងបាននិងកំពុងទទួលរងគ្រោះដោយភាពរាំងស្ងួតអូសបន្លាយ និងសត្វល្អិតបំផ្លាញ។
ក្រុមកសិករកម្ពុជាបានកត់សម្គាល់ឃើញថា មកដល់ពេលនេះមានកន្លែងខ្លះបានសាប បានព្រោះ បានស្ទូងដកខ្លះដែរហើយ កន្លែងខ្លះបានត្រឹមតែសាប មិនទាន់បានស្ទូងទេ កន្លែងខ្លះទៀតស្ទូងហើយងាប់ទៅវិញងាប់ទាំងសន្ទូង ងាប់ទាំងសំណាប។ ដោយនៅដើមរដូវវស្សាឆ្នាំនេះ ទឹកភ្លៀងធ្លាក់យឺតយ៉ាវមិនទាន់ទាំងរាយប៉ាយបានគ្រប់តំបន់កសិកម្មនៅទូទាំងប្រទេសផង មកដល់ចុងខែកក្កដា នេះនៅជាមួយនោះក៏មានសត្វមមាចត្នោតបំផ្លាញទៀតផង។
តាមរបាយការណ៍របស់ក្រសួងកសិកម្មបានឲ្យដឹងថា ការងារផលិតស្រូវរដូវវស្សាឆ្នាំ២០០៨នេះ គិតមកដល់ចុងខែកក្កដានេះអនុវត្តបាន៤៧,៤៦% នៃផែនការ២២៤០៣០០ហិកតានៅទូទាំងប្រទេស គឺតិចជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នាចំនួន២០២៥៦៩ហិកតាដោយសារតែគ្រោះរាំងស្ងួតបានគំរាមកំហែងនៅតាមតំបន់ខ្លះៗនោះ។





Recent Comments