ភ្នំពេញៈ ក្រុមកសិករកម្ពុជាតាមបណ្តាខេត្តជាច្រើនបានឲ្យដឹងថ្មីៗនេះថា នៅដើមរដូវវស្សាឆ្នាំ២០០៨នេះ ការផលិតស្រូវវស្សារបស់ពួកគាត់ស្ទើរតែនៅទូទាំងប្រទេស មានភាពយឹតយ៉ាវបន្តិច។ នៅតាមតំបន់ផលិតកម្មកសិកម្មជាច្រើនកន្លែងបាននិងកំពុងទទួលរងគ្រោះដោយភាពរាំងស្ងួតអូសបន្លាយ និងសត្វល្អិតបំផ្លាញ។
ក្រុមកសិករកម្ពុជាបានកត់សម្គាល់ឃើញថា មកដល់ពេលនេះមានកន្លែងខ្លះបានសាប បានព្រោះ បានស្ទូងដកខ្លះដែរហើយ កន្លែងខ្លះបានត្រឹមតែសាប មិនទាន់បានស្ទូងទេ កន្លែងខ្លះទៀតស្ទូងហើយងាប់ទៅវិញងាប់ទាំងសន្ទូង ងាប់ទាំងសំណាប។ ដោយនៅដើមរដូវវស្សាឆ្នាំនេះ ទឹកភ្លៀងធ្លាក់យឺតយ៉ាវមិនទាន់ទាំងរាយប៉ាយបានគ្រប់តំបន់កសិកម្មនៅទូទាំងប្រទេសផង មកដល់ចុងខែកក្កដា នេះនៅជាមួយនោះក៏មានសត្វមមាចត្នោតបំផ្លាញទៀតផង។
តាមរបាយការណ៍របស់ក្រសួងកសិកម្មបានឲ្យដឹងថា ការងារផលិតស្រូវរដូវវស្សាឆ្នាំ២០០៨នេះ គិតមកដល់ចុងខែកក្កដានេះអនុវត្តបាន៤៧,៤៦% នៃផែនការ២២៤០៣០០ហិកតានៅទូទាំងប្រទេស គឺតិចជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នាចំនួន២០២៥៦៩ហិកតាដោយសារតែគ្រោះរាំងស្ងួតបានគំរាមកំហែងនៅតាមតំបន់ខ្លះៗនោះ។
តាមស្ថិតិរបស់ក្រសួងកសិកម្មដែលស្រង់ បានពីបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា មកដល់ត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨នេះ នៅទូទាំងប្រទេសភ្ជួររាស់បានជិត២លានហិកតា សាបបាន១៦៨៤៩៤ហិកតា ស្ទូងនឹងព្រោះបាន១០៦៣១៩៣ហិកតា។ ក្នុងនោះមានស្រូវស្រាល ស្រូវកណ្តាល ស្រូវធ្ងន់ ស្រូវឡើងទឹក និងស្រូវចម្ការ។ នៅជាមួយនឹងការដាំដុះដំណាំស្រូវនៅទូទាំងប្រទេសបានប៉ុណ្ណោះ ក៏មានការបង្កឲ្យប៉ះពាល់ និងខូចខាតពីកត្តាផ្សេងៗផងដែរ។ ក្នុងនោះមានការប៉ះពាំល់ដល់សំណាបប្រមាណ១០៩៥១ហិកតាដែលបណ្តាលមកពីភាពរាំងស្ងួតចំនួន៧៣៧០ហិកតា និងសត្វមមាចត្នោតចំនួន៣៥៧១ហិកតា។ ការប៉ះពាល់ដល់សន្ទូងប្រមាណ១៨០៤៦ហិកតា ដែលបណ្តាលមកពីភាពរាំងស្ងួត ចំនួន១០៥៧៤ហិកតា និងពីសត្វមមាចត្នោតចំនួន៧៤៧២ហិកតា។
ផ្ទៃដីដែលខូចខាតដោយភាពរាំងស្ងួត និងសត្វមមាចត្នោតបំផ្លាញនោះមានសំណាបខូចអស់១០១ហិកតា និងសន្ទូងខូចអស់១៣៧ហិកតា។
នៅចំពោះមុខនៃការប៉ះពាល់ខូចខាតសំណាប សន្ទូងរបស់កសិករបែបនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាក៏បានចាត់វិធានការសង្គ្រោះជាបន្ទាន់ បានសំណាប២៥០៨ហិកតា និងសន្ទូងពង្រោះ៣៧០៧ហិកតា នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត ព្រៃវែង ស្វាយរៀង និងតាកែវ។ ពិសេសទៀតគឺជម្រុញឲ្យកសិករធ្វើស្រូវស្រាលឲ្យបានកាន់តែច្រើនឡើងថែមទៀត។
នៅប្រទេសកម្ពុជា កាលពីឆ្នាំ២០០៧កសិករដាំដុះដំណាំស្រូវរដូវវស្សាសរុបបានចំនួន២២៤១១១១៤ហិកតា ខូចខាតអស់ចំនួន៣៧៧៥៣ហិកតា តែបានស្តារឡើងវិញបាន១៩២៣៥ហិកតា។ ការប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០០៧ នៅទូទាំងប្រទេសកសិករប្រមូលបាន៥៣៦៣៦៩០តោន លើសឆ្នាំមុន៣៨៩៩៩៦តោន។ សរុបទាំំងការប្រមូលផលស្រូវប្រាំងផង នៅប្រទេសកម្ពុជានៅឆ្នាំ២០០៧-០៨កន្លងទៅនេះ កសិករប្រមូលផលស្រូវបានចំនួន៦៧២-៧១២៧តោន រហូតដល់ធ្វើឲ្យកម្ពុជាសល់ស្បៀងគិតជាអង្ករមានចំនួន១៦៤៩៦៤០តោនជាអង្គរ គិតជាស្រូវ២៥៧៧៥៦២តោន៕

Recent Comments